ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យការិយាល័យជំនាញ កោះហៅក្រុមមន្រ្តីនគរបាលចរាចរណ៍ទាំង១០នាក់ ដែលដាក់គោលដៅចាប់ផាកពិន័យ ប្រជាពលរដ្ឋនៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ មកធ្វើការសួរនាំ ក្រោយមានការរិះគន់ខ្លាំង និងច្រើនដង ពីសំណាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ទទួលរងការសម្លុត និងចាប់ផាកពិន័យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោយទទួលបានព័ត៌មាន និងការរិះគន់យ៉ាងខ្លាំង និងជាច្រើនដង ចំពោះការចាប់ផាកពិន័យប្រជាពលរដ្ឋនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ (បត់ឆ្វេងពីផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស មកផ្លូវហាណូយ) ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានឲ្យជំនាញហៅមន្រ្តីនគរបាលចរចរណ៍ទាំង១០នាក់ មកសួរនាំម្នាក់ម្តងៗ ដើម្បីមានចំណាត់ការបន្តទៀត»។


សូមបញ្ជាក់ថា នៅគោលដៅចរាចរណ៍លើផ្លូវហាណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់នៅគោលដៅនេះខ្លាំងណាស់ ហើយត្រូវបានមន្រ្តីនគរបាលចរាចរណ៍ ផាកពិន័យក៏មិនណយដែរ មូលហេតុយកហេតុផលជាន់គំនូស ខណ:អ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា។

បើតាមប្រជាពលរដ្ឋ, មន្រ្តីនគរបាលចរាចរណ៍នៅគោលដៅនោះ បានបែងចែកឲ្យមន្រ្តីខ្លះអង្គុយចាំថតរូប រួចបាញ់ទៅខាងក្រុមមន្រ្តីដែលដាក់នៅគោលដៅខាងមុខ ដើម្បីចេញមកស្ទាក់ចាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់ យ៉ាងខ្លាំង ចំពោះមន្រ្តីនគរបាលម្នាក់រៀងធាត់ពាក់ម៉ាក់ តែងតែប្រើពាក្យសំដីសម្លុត គំរាមកំហែងយកម៉ូតូ យកឡានទៅស្នងការ ហើយមិនដែលប្រើពាក្យសមរម្យជាមួយអ្នកដំណើរនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ