ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនមនុស្ស បែបអនាធិបតេយ្យនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ចេញផ្សាយនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រគល់ភារកិច្ចនេះ ជូនលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនគ្រឿងញៀន ជាបញ្ជាការ និងលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យគ្រឿងញៀន ជាបញ្ជាការរង និងព្រមទាំងសមាជិកជាច្រើនរូបទៀត ដោយបែងចែកជា៩ក្រុម ក្នុងនោះសុទ្ធតែជានាយ នាយរង និងមន្ដ្រីនគរបាលនៅខណ្ឌដូនពេញ, ទួលគោក, កំបូល, ពោធិ៍សែនជ័យ, ច្បារអំពៅ, សែនសុខ, ឫស្សីកែវ, ជ្រោយចង្វារ, ព្រែកព្នៅ, ដង្កោ, មានជ័យ, ចំការមន, បឹងកេងកង និងខណ្ឌ៧មករា។

លោកឧត្តមសេនីយ៍ឯក ស ថេត បានកំណត់ឲ្យក្រុមការងារប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យនេះ សំខាន់ៗជាច្រើន។ អ្វីដែលសំខាន់ក្នុងសេចក្ដីសម្រេចនោះ បានកំណត់ឲ្យកម្លាំងទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឲ្យបានសព្វគ្រប់ មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឲ្យស័ក្ដសមជាសមត្ថកិច្ច ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ