អូស្ត្រាលី ៖ មនុស្ស៨នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះបានវាយលុករដ្ឋភាគខាងកើត នៃប្រទេស អូស្ត្រាលី ចំឱកាសបុណ្យណូអែល ខណៈពលរដ្ឋរាប់ម៉ឺនគ្រួសារនៅក្នុងរដ្ឋ Queensland ត្រូវគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់ប៉ូលិសនៃរដ្ឋ Victoria និង Queensland ក្នុងចំណោមមនុស្សចំនួន ៨នាក់ដែលស្លាប់ មានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ត្រូវទឹកជំនន់ គួចយកទៅ។ បច្ចុប្បន្ន ប៉ូលិសកំពុងស្វែងរកមនុស្ស ម្នាក់ទៀតដែលបាត់ខ្លួន។ ការិយាល័យឧតុនិយម នៅតែដាក់ការប្រកាសអាសន្នស្តីពីទឹកជំនន់ ក្នុងកម្រិតតិចតួចសម្រាប់រដ្ឋភាគខាងកើត ហើយព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Energex របស់រដ្ឋ Queensland បានប្រកាសតាមបណ្តាញសង្គម X នៅថ្ងៃពុធនេះថា ពលរដ្ឋប្រហែល ៨៦,៦០០គ្រួសារ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ខ្សែរបណ្តាញរបស់ខ្លួន ហើយត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីស្តារឡើងវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ