អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីល និងផ្សព្វផ្សាយអប់រំ ចែករំលែក បញ្ហាប្រឈម និងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះដើម្បីឆ្លើយតបនឹងរបត់នៃពាណិជ្ជកម្មក្នុងប្រទេសតំបន់ និងអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យាជាចលករស្នូលឆ្ពោះទៅកាន់គោលដៅ និងគាំទ្រផែនការសកម្មភាព ដែលបានកំណត់។ ក្នុងន័យនេះគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ត្រូវបានបង្កើតឡើងជាផែនទីបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តតាមវិស័យ និងជំនាញរៀងខ្លួន។
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការចែករំលែកអំពី បរិយាកាសអំណោយផល និងចំនុចខ្លាំងនៃបច្ចេកវិទ្យាឌីជីថល យើងក៏សង្កេតឃើញមាននូវហានិភ័យ (Risks) និងបញ្ហាប្រឈម (Challenges) ជាច្រើនបានកកើតឡើងនៅពេលដំណាលគ្នានេះផងដែរ។
ក្នុងនោះ ហានិភ័យបច្ចេកវិទ្យាឌីជីថល (Digital Risks) បានបង្កជាឧបសគ្គដល់ការអភិវឌ្ឍ និងបរិវត្តកម្មឌីជីថលតាមបណ្តាស្ថាប័នពាក់ព័ន្ធ រួមមាន៖
១- ហានិភ័យសន្តិសុខសាយប័រ៖ ការវាយប្រហារ ការជ្រៀតចូល ឬផ្អាកដំណើរការប្រព័ន្ធ ។ល។
២- ហានិភ័យមូលធនមនុស្ស៖ កង្វះធនធានមនុស្ស កង្វះចំណេះដឹង កង្វះជំនាញបច្ចេកទេស និងបទពិសោធន៍ ។ល។
៣- ហានិភ័យអនុលោមភាព៖ ការអនុវត្ត ការដំឡើង ដំណើរការប្រព័ន្ធ មិនស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ។ល។
៤- ហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់៖ ការបង្កប់ ការជ្រៀតចូល ការធ្វើឱ្យបែកធ្លាយព័ត៌មាន ការលួចចម្លងកម្មសិទ្ធិបញ្ញា នៃដៃគូរសហប្រតិបត្តិការ ឬអ្នកផ្គត់ផ្គង់ ។ល។
៥- ហានិភ័យស្វ័យប្រវត្តិកម្ម៖ បញ្ហានៃការដំឡើង ការប្រើប្រាស់ ឬដំណើរការប្រព័ន្ធ និងពុំមានយន្តការគ្រប់គ្រងការផ្លាស់ប្តូរ ។ល។
៦- ហានិភ័យនៃភាពធន់ (Resileincy)៖ កង្វះភាពធន់នៃប្រព័ន្ធដំណើរការ និងការឆ្លើយតប បន្ទាប់ពីទទួលរងនូវការវាយប្រហារ គ្រោះមហន្តរាយធម្មជាតិ ភេរវកម្ម ឬកំហុសបច្ចេកទេស ។ល។
៧- ហានិភ័យអភិបាលកិច្ចទិន្នន័យ និងឯកជនភាព៖ កង្វះអភិបាលកិច្ច កិច្ចគាំពារទិន្នន័យ និងឯកជនភាពបុគ្គល ។ល។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដូចបានរៀបរាប់ខាងលើ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីល និងផ្សព្វផ្សាយអប់រំ បានធ្វើការលើកបង្ហាញនូវចំណុចសំខាន់ក្នុងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាឌីជីថលគួរពិចារណានូវចំនុចស្នូលចំនួន ០៤ ដូចខាងក្រោម៖
១- គ្រប់គ្រងបញ្ជីទ្រព្យសម្បត្តិអង្គភាព និងធ្វើចំណាត់ថ្នាក់
២- ស្គាល់អំពីប្រភពនៃការគំរាមកំហែង ហានិភ័យ និងផលប៉ះពាល់
៣- ដំឡើងយុទ្ធសាស្ត្រគ្រប់គ្រងអភិបាលកិច្ច និងអនុលោមភាព
៤- កាត់បន្ថយចន្លោះផ្នែកសុវត្ថិភាពប្រព័ន្ធ (វាយតម្លៃ ពិនិត្យ តាមដាន និងជួសជុល)៕