កម្ពុជា ត្រៀមកងកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ
ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនចូលរួម។
ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផងដែរ។
នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា រហូតមកដល់ពេលនេះកងកម្លាំងសមត្ថកិច្ចកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំបណ្ដាប្រទេស និងស្ថាប័ននានា ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានឲ្យដឹងថា សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារវិញ មានចំនួនប្រមាណជាង១.២ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។ ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជាមានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕EB