ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងថា ក្រសួង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ។

នាឱកាសអញ្ជើញចូលរួមបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានឲ្យដឹងថា នៅក្នុងពេលដែលដំណើរការ នៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែមានសន្ទុះទៅមុខ បញ្ហាសន្តិសុខសាយប័រ គឺជាអាទិភាពថ្មីមួយដែលត្រូវយកចិត្តទុកដាក់។


លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដូច្នេះ ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល ក្រសួង បាននិងកំពុងរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងសន្តិសុខសាយប័រ យន្តការគ្រប់គ្រង និងអង្គភាពអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលឌីជីថលត្រូវបានការពាររឹងមាំ ធននឹងការវាយប្រហារ»។

លោករដ្ឋមន្ដ្រី បន្ដថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ និងសហការជាមួយដៃគូអភិវឌ្ឍនានាដែលពាក់ព័ន្ធក្នុងការជំរុញបរិវត្តកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា និងនៅក្នុងតំបន់។

លោករដ្ឋមន្ដ្រី បន្ថែមថា ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺការប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជា ឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ ផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេស ដូចចែងក្នុងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១-២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងគណៈកម្មាធិការ។ លោករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល អភិវឌ្ឍធនធានមនុស្សឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ