ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អ​នុ​ប្រធា​​ននាយកដ្ឋាន  តំណាងឯកឧត្តម  ឧត្តមសេនីយ៍ឯក  ហោ  សំអាត អគ្គលេ​ខាធិ​ការរង  និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន  ក្រសួងមហាផ្ទៃ  បានអញ្ជើ​ញចូលរួម​ធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ស្តីពី “សន្តិសុខបទល្មើសបច្ចេកវិទ្យាឌីជីថលក្នុងសេដ្ឋកិច្ច និង​សង្គម” ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo -CTX 2022) ក្រោម​ប្រធានបទ៖ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាម​រយៈមូលធនមានទេពកោសល្យ​បច្ចេក​វិទ្យា» ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈ​មណ្ឌល​ពិព័រណ៍កោះពេជ្រ។

 

ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា មូលហេតុដែ​លធ្វើឱ្យមានជនរងគ្រោះធ្លាក់ក្នុងបទល្មើសបច្ចេកវិទ្យានេះ គឺដោយសារមានប្រជាពលរដ្ឋខ្លះមិន​ទាន់​មានការប្រុងប្រយ័ត្នខ្ពស់ និងមិនមានការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួនឱ្យបានល្អនៅឡើយ។ លោកឧត្តមសេនីយ៍ទោ  បានបន្តថា ទន្ទឹមនេះយើងទាមទារឱ្យគ្រប់ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធ គួរបន្តសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហា​សន្តិសុខ​បច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជាឱ្យបានល្អប្រសើរ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ 

 

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងខិ​តខំប្រឹងប្រែងយ៉ាងខ្លាំង  ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកំណើននៃបទល្មើសបច្ចេកវិទ្យានេះ ដែលក្រសួង​បានអនុវត្តនូវច្បាប់គតិយុត្តពាក់ព័ន្ធនានាជាច្រើន។  ស្របជាមួយគ្នានេះដែរ នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន និងវីដេអូអប់រំផ្សេងៗជាច្រើន ដើម្បីជួយពន្យល់ និងផ្សព្វ​ផ្សាយ​​ឱ្យប្រជា​ពលរដ្ឋបានយល់ដឹងទូលំទូលាយ  និងមានការប្រុងប្រយ័ត្នលើសន្តិសុខផ្ទាល់ខ្លួនឱ្យបា​ន​ល្អប្រកបដោយសុវត្ថិភាពខ្ពស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃបទល្មើសបច្ចេកវិទ្យានេះ។

 នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង​សន្តិ​សុខ​បច្ចេកវិទ្យា (Cyber crime Security)ផងដែរថា បច្ចុប្បន្នក្រសួងមហាផ្ទៃ បាននឹងកំពុងខិត​ខំប្រឹង​ប្រែ​ងយ៉ាងខ្លាំងជាមួយការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ។ ជាមួយគ្នា​នេះ​ដែរ លោកឧត្តមសេនីយ៍ទោ បានលើកឡើងបន្ថែមថា ដោយសារតែមានកត្តារីកចម្រើ​នយ៉ា​ងឆាប់រហ័ស​នៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា មន្ត្រីអនុវត្តច្បាប់ក៏កំពុងមានបញ្ហាប្រឈ​ម​ជាច្រើនផងដែរ  ក្នុងកិច្ច​ការ​អនុវត្តការងារសិក្សាស្រាវជ្រាវ ដោយសារ បទល្មើសខ្លះក៏បានវិវត្តន៍  និងកើតឡើងតាម​រយៈប្រព័ន្ធ​បច្ចេកវិទ្យានេះផងដែរ។

 

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កន្លងមកនេះ បទល្មើសភាគច្រើន ដែលនាយកដ្ឋានព័ត៌មាន​វិទ្យា ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ គឺបទល្មើសឆបោកប្រាក់តាមបណ្តាញសង្គម និងបទល្មើស​ជំរិតទារប្រាក់, គំរាមកំហែងតាមរយៈរូបភាពបុគ្គលអាសអាភាស,  បទល្មើសលួចបន្លំលេខកូដសម្ងាត់​គណនីធនាគារ ដែលជនល្មើសប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនដើម្បីប្រពឹត្តបទល្មើស តួយ៉ាង​ដូច​ជា ករណីលួចយកលេខកូដសម្ងាត់ធនាគារ គឺជនល្មើសប្រើគ្រប់មធ្យោបាយ ដូចជា  តាមរយៈការលួង​លោម​ជនរងគ្រោះផ្ញើលេខកូដឱ្យ ឬខ្ចីទូរស័ព្ទដៃពីជនរងគ្រោះ  និងតាមរយៈរូបភាពផ្សេងៗ​ទៀតដែល​ជនល្មើសអាចធ្វើទៅបានជាច្រើនទៀតផងដែរ។ លើសពីនេះទៀត គឺករណីឆបោកប្រាក់តាមប្រព័ន្ធប​ណ្តាញទំនាក់ទំនងសង្គម គឺបានកើតឡើងយ៉ាងសកម្ម  និងមានរូបភាពឆបោកផ្សេងៗគ្នាផងដែរ។

 «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» គឺជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូល​អាស៊ាន​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួ​យរបស់ព្រះរាជាណា​​ចក្រកម្ពុជា។ ពិព័របច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណង​ដើម្បី​បង្ហាញពី​សក្តានុពល​ និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាដើម្បី​​បង្កើ​​តបណ្តា​ញ​ទំ​​នាក់ទំនង និងទាញយកចំណាប់អារម្មណ៍វិនិយោគិនពីក្រៅប្រទេសឱ្យងាកសម្លឹងមកកម្ពុជា និងប្រ​ទេ​សក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីជំរុញវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រព័ន្ធ​នវានុវត្តន៍​ជា​តិរបស់កម្ពុជា ដើម្បីឆ្លើយតប និងចូលរួមធ្វើឱ្យបានសម្រេចនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​អាណត្តិទី​៦ គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ រួមទាំង​ផែន​ការយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ