ភ្នំពេញ  ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីខួបគម្រប់២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយរយៈពេល២ឆ្នាំមកនេះ មានក្រុមហ៊ុនជិត១.៥ម៉ឺនមកចុះបញ្ជី ទំហំដើមទុនសរុប ៤ ៦៧០លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

មកទល់នឹងពេលបច្ចុប្បន្ន, ការរៀបចំប្រព័ន្ធនេះ មាន២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ អស់រយៈពេល២ឆ្នាំកន្លងមក គឺរាប់ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

ដំណាក់កាលទី១នេះ គឺជាការចុះបញ្ជីជាខ្សែច្រវាក់ជាមួយក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្នុងករណីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

រីឯដំណាក់កាលទី២ ដែលត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ដោតលើការផ្ដល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

រយៈពេល២ឆ្នាំកន្លងមកនេះ គឺជាឆ្នាំដែលប្លែកខុសពីឆ្នាំផ្សេងទៀត ដោយសារវត្តមាននៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានបង្កឲ្យមានការឆ្លងរាតត្បាតនៅទូទាំងសកលលោក។ ជំងឺនេះ បានជះឥទ្ធិពលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរមកលើសង្គម-សេដ្ឋកិច្ច និងសុខភាពសាធារណៈ ដែលជាហេតុធ្វើឲ្យខ្សែច្រវ៉ាក់ផលិតកម្ម និងចរន្តសេដ្ឋកិច្ចសកលមានភាពរអាក់រអួល។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺនេះ ក៏បានបង្កឲ្យមានការផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ និងការធ្វើការផងដែរ ជាពិសេសការកាត់បន្ថយការជួបគ្នាដោយផ្ទាល់៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ