ត្រឹមរយៈពេល១ថ្ងៃកូរ៉េខាងជើងបាញ់មីស៊ីលចំនួន១៧គ្រាប់ខណៈកាំភ្លើងធំចំនួន ១០០ គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿង
កូរ៉េខាងជើង៖អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ១៧ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿង ហើយបានបាញ់កាំភ្លើងធំចំនួន ១០០ គ្រាប់កាលពីថ្ងៃពុធ ខណៈ ក្នុងចំណោមមីស៊ីលទាំងនោះបានធ្លាក់នៅជិតដែនទឹករបស់កូរ៉េខាងត្បូង ពោលជាលើកដំបូង ចាប់តាំងពីកូរ៉េទាំងពីរបំបែកចេញពីគ្នា ។
ស្របពេលជាមួយគ្នានេះ កូរ៉េខាងត្បូងបានបិទផ្លូវហោះហើរមួយចំនួនរបស់ខ្លួននៅក្នុងសមុទ្រជប៉ុនជុំវិញការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ខណៈដែលក្រសួងដឹកជញ្ជូនជប៉ុនបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានសម្រេចជ្រើសផ្លូវជំនួស ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងជប៉ុន ។
ការកើនឡើងនៃភាពតានតឹង លើឧបទ្វីបកូរ៉េបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធា “ព្យុះកំណាច” រួមគ្នា ខណៈកូរ៉េខាងជើងក៏បានព្រមានសហរដ្ឋអាមេរិកដែរថា នឹងមានការឆ្លើយតបខ្លាំងក្លា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការបង្កហេតុខាងយោធាបែបនេះ ៕SP