ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា លើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៉ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលជំនួប បានឲ្យដឹងថា ក្នុងឱកាសនោះ លោក Winfried F. Wicklein បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨។
ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ប៊ីលានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បី ជួយដល់វិស័យឯកជនថែមទៀត។
លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានចូលរួមចំណែកនៅក្នុងកិច្ចដំណើរការស្តារនិងអភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគីវិញ។
កម្ពុជាពិតជាពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជា ដៃគូកន្លងមក។ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាមេរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០ ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ៕EB