ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ សមាជិក-សមាជិកា ឬកូនចៅរបស់គណបក្សប្រឆាំងមិនភ្លើដូចមេទៀតឡើយ ខណៈពួកគេបានដកខ្លួន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់ផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយសារមេក្រុមប្រឆាំងល្ងង់ ខ្វះការយល់ដឹង ទើបអ្នកដើរតាមខ្លួនជាច្រើន បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។


សម្ដេចតេជោ គូសបញ្ជាក់ថា «ប៉ុន្ដែឥឡូវនេះ កូនមិនសូវជាភ្លើទេ កូនដកខ្លួនចូលបក្សប្រជាជន ហូហែរមកចឹង មេកាន់តែភ្លើ កូនគេអ្នកចេះដឹងដែរ គេដកខ្លួនមកជាមួយគណបក្សប្រជាជន។ មេឯង ពូកែធ្វើភ្លើទៀតទៅ ចាំតែអាញភ្លើជាមួយតើ»។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ចំពោះសមាជិក-សមាជិកា របស់គណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមានបុគ្គលម្នាក់ សម្ដេច មិនទទួលយកជាដាច់ខាចផងដែរ។

សម្ដេច គូសបញ្ជាក់ទៀតថា «សមាជិក-សមាជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួន ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែបន្តស្វាគមន៍ មានតែមនុស្សម្នាក់គត់ដែលខ្ញុំអត់យក ក្រៅពីនោះខ្ញុំយកទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញអាជ្រុលនិយមហ្នឹង គឺខ្ញុំទទួលយកទាំងអស់»។

សូមរំលឹកថា រយៈពេលប៉ុន្មានខែនេះ មានសមាជិក-សមាជិកា របស់គណបក្សដទៃ ឬអង្គការនានា បានសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពួកគេអស់ជំនឿជឿទុកចិត្តមេរបស់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ