មីយ៉ាន់ម៉ា៖ មេដឹកនាំកងកម្លាំងឧទ្ទាមប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា របបដឹកនាំយោធារបស់លោកមីនអ៊ុងឡាំង កំពុងបង្កើនការវាយប្រហាររបស់ខ្លួនតាមរយៈផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំងដែលជាជំនួយយោធាពីប្រទេសរុស្ស៊ី ទៅលើទីតាំងដែលគ្រប់គ្រងដោយកងកម្លាំងតស៊ូនៅក្នុងតំបន់ភាគឦសានប្រទេស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Washington Post នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ការវាយប្រហារដោយផ្លូវអាកាសរបស់របបយោធាមីយ៉ាន់ម៉ានៅពេលនេះ គឺមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានចាប់តាំងពីការធើ្វរដ្ឋប្រហារយោធាដោយខុសច្បាប់កាលពីដើមឆ្នាំ ២០២១នោះមក ។

ក្រុមអង្គការសិទ្ធិមនុស្សជាច្រើនធើ្វការអំនាវពាវកាន់តែសកម្មជាថ្មីម្តងទៀត ទៅដល់ក្រុមមេដឹកនាំក្នុងពិភពលោក ឱ្យបញ្ចប់ការផ្តល់ជំនួយយោធារបស់ខ្លួនជាបន្ទាន់ទៅឱ្យរដ្ឋាភិបាលយោធារបស់លោកមីនអ៊ុងឡាំង ដែលបានកំពុងតែបង្កវិនាសកម្មធ្ងន់ធ្ងរទៅលើជនស៊ីវិលនៅក្នុងប្រទេសមួយនេះ។ស្របពេលដែលក្រុមមេដឹកនាំក្នុងពិភពលោកកំពុងត្រៀមចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ នៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាដែលបានចាប់ផ្តើមធើ្វឡើងជាផ្លូវការនៅព្រឹកថ្ងៃសុក្រទី ១១ ខែវិច្ឆិកានេះ។

 ក្រុមសកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហាញក្តីសង្ឃឹមយ៉ាងមោះមុតថាកិច្ចប្រជុំមួយនេះនឹងអាចឈានទៅសម្រេចបានការឯកភាពគ្នាមួយរវាងក្រុមប្រទេសដែលពាក់ព័ន្ធ ក្នុងដាក់ទណ្ឌកម្មហាមប្រាមការនាំចូលអាវុធពីបរទេសទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីកាត់បន្ថយលទ្ធភាពគំរាមកំហែងនិងការវាយប្រហាររបស់របបសឹកមីយ៉ាន់ម៉ាទៅលើក្រុមអ្នកប្រឆាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ