លោកស្រី អ៊ុងសាន ស៊ូជី ត្រូវតុលាការមីយ៉ាន់ម៉ា កាត់ទោស ឱ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀតពីបទបំពានច្បាប់សម្ងាត់រដ្ឋផ្លូវការរបស់ប្រទេស
មីយ៉ាន់ម៉ា៖ តុលាការយោធាមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញ ពីអំណាច លោកស្រី Aung San Suu Kyi និងអតីតទីប្រឹក្សារបស់លោកស្រីឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់រដ្ឋផ្លូវការរបស់ប្រទេសនេះ។នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNNនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២។
សាលក្រមកាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាសាលក្រមចុងក្រោយបង្អស់ ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកឈ្នះរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ហើយមានន័យថាឥឡូវនេះលោកស្រី ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ២៣ ឆ្នាំ។
អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី គឺលោក Sean Turnell ជនជាតិអូស្ត្រាលី ក៏ត្រូវជាប់ ពន្ធនាគាររយៈពេលបីឆ្នាំផងដែរ ពីបទរំលោភលើអាថ៌កំបាំងរដ្ឋ ដែលជាការចោទប្រកាន់ទាំងលោក និងលោកស្រី ស៊ូជី ត្រូវបានបដិសេធ។ លោក Turnell ជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Macquarie នៃទីក្រុងស៊ីដនី បានបម្រើការជាអ្នកប្រឹក្សាសេដ្ឋកិច្ចពិសេសរបស់អតីតមេដឹកនាំ និងគណៈរដ្ឋមន្ត្រី របស់លោកស្រី។
លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ជាលើកដំបូងពីបទបំពានច្បាប់សម្ងាត់ក្នុងឆ្នាំ ២០២១។ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់លើលោកស្រី ហើយអ្នកគាំទ្រនិយាយថា ការចោទប្រកាន់ នេះមានលក្ខណៈនយោបាយ។ កាលពីដើមខែនេះ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យធ្វើការធ្ងន់ចំនួន ៣ ឆ្នាំពីបទបន្លំសន្លឹកឆ្នោត៕SP