ជប៉ុន៖ អនុរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោកយ៉ាស៊ីហ៊ីកូ អ៊ីសូហ្សាគិ នៅថ្ងៃចន្ទ សប្តាហ៍នេះ បានថ្កោលទោសទៅលើការកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ៤នាក់ ដោយរបបយោធាមីយ៉ាន់ម៉ា ហើយលោក អ៊ីសូហ្សាគិ ក៏បានជម្រុញម្តងហើយម្តងទៀតក្នុងការរកដំណោះស្រាយដោយសន្តិវិធី។

លោក អ៊ីសូហ្សាគិ មានប្រសាសន៍បន្ថែមទៀតថា "ទង្វើរបស់យោធាមីយ៉ាន់ម៉ានាពេលនេះ គឺផ្ទុយពីអ្វីដែលយើងកំពុងអំពាវនាវជាបន្តបន្ទាប់ ហើយវានឹងរឹតតែបង្កើនកម្តៅឱ្យមានជម្លោះពីមជ្ឈដ្ឋានសាធារណៈ និងបណ្តាលឱ្យមីយ៉ាន់ម៉ាកាន់តែមានភាពឯកោបន្ថែមទៀត។ លោក អ៊ីសូហ្សាគិ បានបន្ថែមប្រាប់ដល់អ្នកសារព័ត៌មានថា នេះក៏ជាក្តីកង្វល់មួយដ៏ធំបំផុតរបស់សហគមន៍អន្តរជាតិផងដែរ។

អ្នកទោសទាំង៤នាក់នោះ ជាប់ចោទថា ជួយក្រុមបះបោរក្នុងការប្រឆាំងនឹងកងកម្លំាងយោធា ដូចនេះពួកគេត្រូវបានកាត់ទោសប្រហារជីវិតអំឡុងពេលកាត់ក្តីកំបាំងមុខកាលពីខែមករា និងខែមេសា។

គួររំលឹកថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរចលាចលចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ដោយបានបង្កជម្លោះនៃសង្គ្រាមស៊ីវិលរីករាលដាលទូទាំងផ្ទៃប្រទេស បន្ទាប់ពីកងទ័ពរបបយោធាបានបើកការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាតាមបែបអហិង្សាជាច្រើនខែនៅក្នុងប្រទេសនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ