មីយ៉ាន់ម៉ា ៖ ការសម្រេចចិត្តខាងលើធ្វើឡើងដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយការសង្កត់ធ្ងន់ថា គណបក្សទាំង៩២ ដែលបានចុះបញ្ជី នឹងត្រូវសុំការអនុញ្ញាតជាមុនសិន មិននឹងចង់ជួបជាមួយជនបរទេស ឬអង្គការស្ថាប័នអន្តរជាតិណាមួយ។
ក្នុងកិច្ចប្រជុំនោះដែរបានបញ្ជាក់ឱ្យដឹងថា «គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែគោរពច្បាប់។ ប្រសិនបើពួកគេបំពានច្បាប់ នោះគណបក្សរបស់ពួកគេដែលបានចុះបញ្ជីនឹងត្រូវបាន រំលាយចោល»។ នេះជាការបញ្ជាក់របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា។
ក្រៅតែពីការព្រមានបែបនេះ កន្លងមក របបយោធានេះបានកាត់ទោសសកម្មជនប្រជាធិបតេយ្យភូមា៤នាក់ក្នុងនោះមានអតីតតំណាងរាស្ត្រម្នាក់ផង រួមមានលោក ភ្យូ ហ្សេយ៉ា ថរ លោក ក្យរ មីនយូ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស ត្រូវបានអាជ្ញាធរប្រហារជីវិត បន្ទាប់ពីពួកគេរងនូវការចោទប្រកាន់ពីបទអនុវត្តអំពើភេរវកម្ម។
តាមរយៈសាលក្រមកាត់ទោសប្រហារជីវិតកាលពីខែមករា ឆ្នាំ២០២២ បុរសសកម្មជនទាំងបួននាក់នេះ ត្រូវបានចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងតទល់នឹងកងទ័ពភូមា ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១កន្លងទៅ និងបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមលើគូប្រជែងរបស់ខ្លួន៕