បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់ បានជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។

លោក អភិបាលខេត្ត បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។

លោក អភិបាលខេត្ត សង្កត់ធ្ងន់ថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយសម្របសម្រួលនិងជញ្ជូនអីវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់នោះឡើយ។

សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ