ឆាដ៖ កងកម្លាំងសន្តិសុខសាធារណៈរដ្ឋឆាដបានបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦០នាក់ស្លាប់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
លោក Samira Daoud នាយកប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់អាហ្វ្រិកខាងលិច និងកណ្តាល បានអំពាវនាវដល់អាជ្ញាធរសាធារណៈរដ្ឋឆាដឱ្យបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់កម្លាំងហួសហេតុលើក្រុមបាតុករ។
អ្នកនាំពាក្យរដ្ឋាភិបាលឆាតលោក Aziz Mahamat Saleh បាននិយាយថា មនុស្ស ៣០នាក់បានស្លាប់នៅក្នុងរដ្ឋធានី N'Djamena ។ ទោះយ៉ាងណា អ្នករៀបចំបាតុកម្មបានដាក់ចំនួនអ្នកស្លាប់ខ្ពស់ជាងនេះរហូតដល់ ៤០នាក់ ខណៈមានអ្នករបួសជាច្រើនដោយសារគ្រាប់កាំភ្លើង។ យោងតាមមន្ត្រីនៅទីបញ្ចុះសពរបស់ទីក្រុងបានឲ្យដឹងថា បាតុករ ៣២នាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុង Moundou ជាទីក្រុងធំទីពីររបស់សាធារណៈរដ្ឋឆាដ ហើយមន្ត្រីបានអះអាងថា មនុស្សជាង ៦០នាក់បានរងរបួស។
អាជ្ញាធរបានដាក់បម្រាមគោចរបន្ទាប់ពីអំពើហិង្សា ដែលបានកើតឡើងក្នុងពេលមានបាតុកម្មនៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ប្រឆាំងការបន្តអំណាចរយៈពេលពីរឆ្នាំរបស់មេដឹកនាំបណ្តោះអាសន្នលោក Mahamat Idriss Deby ។ ភាពចលាចលកាលពីថ្ងៃព្រហស្បតិ៍ គឺជាហេតុការណ៍មិនធ្លាប់មានពីមុនមកនៅក្នុងសាធារណៈរដ្ឋឆាដ ដែលឃើញមានការមិនពេញចិត្តជាសាធារណៈក្នុងរបបមុនរបស់ឪពុកលោក Deby ដែលគ្រប់គ្រងរយៈពេលជាង ៣ទសវត្សរហូតដល់ការធ្វើឃាតលោកកាលពីឆ្នាំមុន។ ប្រទេសបារាំង សហភាពអាហ្វ្រិក និងប្រទេសដទៃទៀតបានថ្កោលទោសភ្លាមៗ ចំពោះការបង្ក្រាបរបស់សន្តិសុខលើក្រុមបាតុករ៕SP