ភ្នំពេញ ៖ នាពេលថ្មីៗនេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាមផងដែរ។

អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនសមត្ថកិច្ចជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖


គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន, ម្សៅកញ្ចប់ចំនួន៩៣កញ្ចប់ សង្ស័យជាគ្រឿងញៀន, ម្សៅពណ៌សចំនួន៤កញ្ចប់តូច និងពណ៌ខៀវចំនួន១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន ១ គ្រឿង, ម៉ូតូចំនួន ១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ដោយចាប់យកវត្ថុតាងរួមមាន ៖ ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ និងរថយន្តចំនួន ១ គ្រឿង។


គោលដៅទី៣ វីឡាកូនកាត់បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាងរួមមាន ៖ សំបកកញ្ចប់ (រូបតែ) ចំនួន ១៨ សំបក។

គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរ ចាប់យកវត្ថុតាង ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)២០១ដុំ ស្មើទម្ងន់ ២០០គីឡូក្រាម ៣៩៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETMINE) ៤០ដុំ ស្មើទម្ងន់ ៣៩គីឡូក្រាម ៦១៦ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ