ភ្នំពេញ ៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើ «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការរៀបចំ «សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានគោលបំណងកែសម្រួលបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប។ បន្ថែមពីលើនោះ គឺបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS) ជាដើម។


លោករដ្ឋមន្ត្រី បន្តថា សេចក្ដីព្រាងច្បាប់នេះ បានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ផងដែរ។


សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំ ដែលត្រូវបានការពារដោយច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ