មីយ៉ាន់ម៉ា៖ប្រធានអង្គការភូមារ៉ូហ៊ីងយ៉ានៅចក្រភព BROUK បានធ្វើការអំពាវនាវជាបន្ទាន់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិUNSC ទប់ស្កាត់នូវអ្វី ដែលខ្លួនហៅថា ជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា ដែលជាប់គាំង ដោយសារតែអំពើហិង្សា ក្រោមការកាន់កាប់របស់របបយោធា។
លោកប្រធាន Tun Khin បានប្រាប់ VOA ថា ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋមីយ៉ាន់ម៉ាភាគខាងលិចរ៉ាក់ឃីន កំពុងបន្តប្រឈមនឹងអំពើប្រល័យពូជសាសន៍ ដែលធ្វើឱ្យការរស់រានរបស់ពួកគេស្ថិតក្នុងហានិភ័យ។ ការលើកឡើងរបស់លោក Khin យ៉ាងដូច្នេះ ធ្វើឡើងដោយបន្ទរពីលើរបាយការណ៍មួយរបស់អង្គការ BROUK ដែលមានចំណងជើងថា «Prevent the Unthinkable» និងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។
របាយការណ៍នេះបានគូសបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅខែមករា ឆ្នាំ ២០២០ បានបញ្ជាឱ្យចាត់វិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា។ នៅក្រោមបញ្ជានេះ មីយ៉ាន់ម៉ាតម្រូវឱ្យបញ្ជូនរបាយការណ៍ទៅតុលាការ ICJ រៀងរាល់ ៦ ខែម្តង រហូតដល់ការសម្រេចចុងក្រោយលើសំណុំរឿងនេះ ត្រូវបានបញ្ចប់។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី មីយ៉ាន់ម៉ាបានបញ្ជូនរបាយការណ៍ ២ លើក។
តែបន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារ នៅដើមខែកុម្ភៈ ឆ្នាំ ២០២១ យោធាភូមា និងអង្គការផ្សេងទៀត មិនអើពើនឹងវិធានការបណ្តោះអាសន្នរបស់ ICJ និងបណ្ដាលឱ្យអំពើប្រល័យពូជសាសន៍ បន្តកើតមាននាពេលនេះ ហើយវាជាការទទួលខុសត្រូវរបស់ UNSC លើការប្រកាន់ខ្ជាប់សេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែក្រុមប្រឹក្សានេះ មិនអាចធ្វើបាន។ នេះបើតាមការចង្អុលបង្ហាញរបស់របាយការណ៍ «Prevent the Unthinkable» ដែលមានកម្រាស់ ២៨ ទំព័រដដែលនោះ។
របាយការណ៍បានលើកឡើងទៀតថា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរយៈពេល ៦ ខែកន្លងមក រួមទាំងការសម្លាប់ អំពើហិង្សាផ្លូវភេទ និងការបាញ់ផ្លោងលើផ្ទះ ភូមិ និងវិហារអ៊ិស្លាម ខណៈស្ថានការណ៍ប្រែប្រួលខ្លាំង ក្នុងរដ្ឋរ៉ាក់ឃីន ចំពេលជម្លោះប្រដាប់អាវុធ មានសភាពកាន់តែតានតឹង រវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន។
គួរគូសបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ បានភៀសខ្លួន ចន្លោះខែសីហា និងចុងខែកញ្ញាឆ្នាំនេះ។ ភ័ស្តុតាងបានបង្ហាញថា ការភៀសខ្លួននេះ ស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នានឹងអ្វី ដែលកើតឡើង ក្នុងឆ្នាំ ២០១៦-២០១៧ ពោលគឺនៅពេលដែលយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តសង្គ្រាមប្រឆាំងមនុស្សជាតិ ដូចជាការសម្លាប់រង្គាល ការបំផ្លាញផ្ទះសំបែង និងភូមិស្រុក និងការរំលោភប្រជាជនជាដើម ដែលធ្វើឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ ភៀសខ្លួនចេញនាពេលនោះ។ដូច្នេះហើយ ទើបលោក Khin ជំរុញឱ្យគ្រប់ភាគី កោះ UNSC ប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីការណ៍ ដែលយោធាមីយ៉ាន់ម៉ា មិនប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់ ICJ»៕