មីយ៉ាន់ម៉ា៖របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះថាដោះលែងអ្នកទោសជាង ៦,០០០នាក់ ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេស អ្នកកាសែតជប៉ុន និងទីប្រឹក្សាជនជាតិអូស្ត្រាលីម្នាក់​នៃអ​តីតរដ្ឋា​ភិបាលលោកស្រី អោង សានស៊ូជី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

 

មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាម្នាក់ បានបញ្ជាក់ថាអតីតអគ្គរដ្ឋទូតអង់គ្លេស លោកស្រី Vicky Bowman​ទីប្រឹក្សាសេដ្ឋកិច្ចជនជាតិអូស្ត្រាលី លោក Sean Turnell និងអ្នកកាសែតជប៉ុន លោក Toru Kubota​នឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ជាការអបអរថ្ងៃបុណ្យជាតិ។

លោកស្រី បូវមែន ដែលធ្លាប់បានបម្រើការងារអគ្គរដ្ឋទូតអង់គ្លេស ប្រចាំប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦ ត្រូវបានអាជ្ញាធរនៃរបបសឹចាប់ឃុំខ្លួនជាមួយនឹង ស្វាមីកាលខែសីហាកន្លងទៅ ដោ​យរងការចោទប្រកាន់ថាស្នាក់នៅដោយខុសច្បាប់ និងផ្ដន្ទាទោសអ្នកទាំង២ដាក់ពន្ធនាគារ១ឆ្នាំ។ ស្វាមីរ​បស់លោកស្រី បូវមែនដែលជា សិល្បៈករមានកេរ្តិ៍ឈ្មោះម្នាក់គឺលោក តាំង លីន Htein Lin ក៏នឹងត្រូវបានដោះលែងផងដែរ។

 លោក សន ធឺនែល ធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ក្រោយមានរដ្ឋប្រហារយោធាកាលពី ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ លោក និងលោកស្រី ស៊ូជី ត្រូវបានកាត់ទោសដោយតុលាការរបបសឹក​ពីបទបំពា​នច្បាប់រក្សាការសម្ងាត់ជាតិ ​ឱ្យជាប់ ពន្ធនាគារម្នាក់ ៣ឆ្នាំ។

 

ចំណែកឯ លោក គូបូតា ជាអ្នកកាសែតជប៉ុន មានអាយុ ២៦ឆ្នាំ ត្រូវបានឃុំខ្លួនកាលពីខែកក្កដា នៅក្បែរបាតុកម្មតវ៉ាប្រឆាំងរបបសឹកក្នុងទីក្រុងយ៉ាងហ្គន ជាមួយពលរដ្ឋ មីយ៉ាន់ម៉ា២នាក់ទៀត និងត្រូវបានកាត់ទោសដាក់ពន្ធនាគារ១០ឆ្នាំ។ បច្ចុប្បន្ន ក្រុមគ្រួសារសាច់ញាតិរប​ស់អ្នកទោ​សជាច្រើបបាននិងកំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅ ពន្ធនាគារ អ៉ីនសេន (Insein) ក្នុងទៅក្រុ​ងយ៉ាងហ្គន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ