ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្ដេច កំពុងពិនិត្យពិចារណាស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយ នៅពេលដែលចង់ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កន្លងមក នៅពេលមានការអនុវត្តច្បាប់ទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនយោ បាយ ត្រូវបានមជ្ឈដ្ឋានបរទេសខ្លះ និយាយថា បុគ្គលនោះ មានសញ្ជាតិនេះ ឬមានសញ្ជាតិនោះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការអនុវត្តច្បាប់របស់កម្ពុជា។ ដូច្នេះសម្ដេច កំពុងតែពិនិត្យពិចារណាថា នឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយនៅកម្ពុជា មានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះ ត្រូវទទួលការប្ដឹងផ្ដល់ ឬក៏ជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូច្នេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយតែម្ដង កុំឲ្យវាពិបាក»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មិត្តភក្ដិបរទេសមួយចំនួនថា នៅពេលប្រជាពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើនយោបាយនៅកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការអនុវត្តច្បាប់ នៅពេលពួកគេប្រព្រឹត្តបទល្មើស ហើយមិនអាចនិយាយថា បុគ្គលនោះ សញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងមិត្តភក្ដិទាំងឡាយ ត្រូវយល់ឲ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀត អំពីបញ្ហារឿងសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ឥឡូវពលរដ្ឋរបស់អ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងទៅនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺពលរដ្ឋកម្ពុជា មិនអាចឲ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ប្រទេសកម្ពុជា ក៏កំពុងពិចារណាថាតើគួរដាក់ ក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវតែមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការលើកឡើងថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ