ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងកម្រិតហានិភ័យទាបបំផុត ខណៈគិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅ ក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដូចជា ១. ក្របខ័ណ្ឌគតិយុត្តិ ,២.គោលនយោបាយ យុទ្ធសាស្រ្ត និងនិតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងទី៤.ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹង «គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូលទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩.៤៦ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ដែលស្មើ៩៩.៨៩% និង១០.១៥លានដុល្លារឬប្រមាណ០.១១% ជាបំណុលសាធារណៈក្នុងប្រទេស»។

ក្រសួងសេដ្ឋកិច្ច ឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦០២.០៣ លានដុល្លារអាមេរិក ឬស្មើនឹង៤៦៩.៥២ លានអេសដេអ៊ែរ។

បើគិតចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ១ ២១៧.៩០ លានដុល្លារអាមេរិក ស្មើនឹង ៩៤៩. ៨៣ លានដុល្លារអេសដេអ៊ែរ ឬស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨% និងពហុភាគី មានប្រមាណ ៣២%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ មានកំណើនប្រមាណ២៩៤%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ