ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យទូតកូរ៉េ ជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េ មកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា។

នាឱកាសអញ្ជើញទទួលជួបជាមួយលោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ៦%។

លោក រដ្ឋមន្ដ្រី បន្ដថា លើសពីនេះ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម សម្រេចបាន ៦៥៩លានដុនល្លារ អាម៉េរិក គឺកើនឡើងដល់៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាម៉េរិក។

ឆ្លៀតឱកាសនោះ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ