សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវជម្រុញចលនារៀនមួយជីវិត។ សម្តេចតេជោ បន្តថា ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត។សម្តេចថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យកាន់តែមានភាពកក់ក្តៅទ្វេឡើងថែមទៀត ក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ។


និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំ សិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។

យោងតាមរបាយការណ៍ បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងមានតួនាទីដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបានបញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)។


ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩,៨៦៤នាក់ (នារី ១១,២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប ២៤៩នាក់ (នារី ១៣៩នាក់)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ