ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈាន់តែកាន់ខ្ពស់ឡើង តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ  «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមម្លប់ត្រជាក់ នៃសុខសន្ដិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម-សេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈ។

សម្ដេចធិបតី បន្ដថា បច្ចុប្បន្នកម្ពុជា ស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍប្រកបដោយសង្ឃឹម ក្លាខ្លា រឹងពឹង និងជឿជាក់ សម្រាប់រយៈពេល ២៥ឆ្នាំ ទៅមុខ ដែលជាវត្តថ្មី នៃការអភិវឌ្ឍ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជា មានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈាន់តែកាន់ខ្ពស់ឡើង តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមាន ចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០»។

ក្នុងន័យនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ ការពារសន្ដិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ