ភូមា៖ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាទៅលើភូមិមួយបានសម្លាប់ជនស៊ីវិល ១០ នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងនោះសារព័ត៌មានដដែលបានបញ្ជាក់ថា ការប្រយុទ្ធគ្នាបានបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយរបបយោធាបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជនថ្មីរាប់សិបនាក់នៅទូទាំងប្រទេស។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់យោធាពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ បំផ្លាញភូមិ និងប្រើប្រាស់ ការវាយប្រហារតាមអាកាសថាជាការដាក់ទណ្ឌកម្មលើគូប្រជែងរបស់ខ្លួន។ យោងតាមលោក Ko Zaw Tunដែលជាយុទ្ធជនប្រឆាំងរដ្ឋប្រហារមកពីភូមិ បានបញ្ជាក់ថា យន្តហោះយោធាមួយគ្រឿង បានទម្លា ក់គ្រាប់បែកចំនួនបីលើភូមិ Nyaung Kone ក្នុងតំបន់ Sagaing ភាគខាងជើងកាលពីរសៀលថ្ងៃអង្គារ។ លោកបានបន្តថាមនុស្ស១០នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស។ បន្ថែមពីនេះ លោកបានប្រាប់ ថា មិនមានការប្រយុទ្ធគ្នាទេ ប៉ុន្តែពួកគេបានមកបំផ្ទុះភូមិនេះ ដោយបន្ថែមថាផ្ទះចំនួន ១១ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ។
មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងវាយប្រហារនេះ។ អ្នកស្រុកបានបូជាសពនៅល្ងាចនោះ។ បុររសរូបនេះ បាននិយាយថា៖«យើងមិនដឹងថាផែនការបន្ទាប់របស់យោធាជាអ្វីនោះទេ។ ដូច្នេះ យើងគ្រាន់តែរៀបចំពិធីបុណ្យសពឱ្យពួកគេឱ្យបានឆាប់តាមដែលអាចធ្វើបាន»។ រូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឱ្យឃើញពីមនុស្សដែលកំពុងពន្លត់ភ្លើង និងអគារដ៏ធំមួយដែលបាក់បែក៕