កម្ពុជា អំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំងកម្ពុជាចំនួន ២០រូប ត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំងរបស់កម្ពុជាចំនួន ២០រូប ឱ្យត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន ដែលក្នុងការគ្រប់គ្រងរបស់ភាគីថៃ។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
ការលើកឡើងរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រីឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា «គិតមកដល់ម៉ោង ៣:៣៣ រសៀលនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន ២០រូប ត្រឡប់មកវិញនៅឡើយទេ។ ក្នុងន័យនេះ កម្ពុជា សូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង ២០រូប ឱ្យត្រឡប់មកកម្ពុជាយើងវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន ដែលក្នុងការគ្រប់គ្រងរបស់ភាគីថៃ»។
លោកស្រីឧត្តមសេនីយ៍ឯក បន្ដថា «ជាមួយគ្នានេះ យើងនឹងបន្ដការចរចារឱ្យអស់ពីលទ្ធភាព ដើម្បយកបងប្អូនយើងទាំងអស់គ្នា ត្រឡប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។
សូមរំលឹកថា បើតាមមេបញ្ជាការសឹករងប្រចាំខេត្តព្រះវិហារ លោក ច័ន្ទ សុភ័ក្រា បានប្រាប់ទៅកាន់បណ្ដាអនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ដែលចុះពិនិត្យស្ថានភាពពិតតាមព្រំដែន នៅថ្ងៃទី២៨ កក្កដា ថា ស្របពេលកម្ពុជាអត់ធ្មត់ កំពុងអនុវត្តបទឈប់បាញ់ កងទ័ពថៃ បានប្រើល្បិចហៅកងទ័ពកម្ពុជាទៅចាប់ដៃ និងភ្ជង់ព័ទ្ធចាប់កងកម្លាំង ២០រូប នៅទិសជាំតែ ប៉ុន្តែមានម្នាក់បានរត់រួចខ្លួន ហើយបានរាយការណ៍មកថា សង្ស័យថៃបាញ់សម្លាប់កម្លាំង២នាក់ទៀត៕