ភ្នំពេញ ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសឧបត្ថម្ភជំនួយឥតសំណងចំនួន ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»។
លោក ប្រធានាធិបតី បញ្ជាក់ថា «ឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ដ្រី ពានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោច ដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។
ក្នុងជំនួបគ្នានោះដែរ មេដឹកនាំទាំងពីរ កម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ លើសពីនេះ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ៕