លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអាជ្ញាធរបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។
ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា តាមរយៈការចុះបង្ក្រាបទីខារ៉ាអូ នាពេលកន្លងទៅ សមត្ថកិច្ច បានរកឃើញជនរងគ្រោះជាស្ត្រីទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានមេការបង្ខិតបង្ខំដោយត្រូវបានលក់ពីកន្លែងមួយ ទៅកន្លែងមួយទៀត។
លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «សូមឱ្យបន្ត យកចិត្តទុកដាក់នៅតាមរង្គសាល ហើយជាពិសេសគឺ KTV នេះ អីឡូវ KTV នេះមានការបង្ខិតបង្ខំឱ្យទៅធ្វើការនៅទីនោះ ជាពិសេសគឺស្ត្រី ហើយជាលក្ខណៈមានមេការគេមួយ លក់តាមខេត្ត ពីខេត្តមួយ ទៅខេត្តមួយ ឱ្យទៅបម្រើនៅតាមរង្គសាល ឬមួយ KTV នោះ ហើយជាពិសេសសុំឱ្យត្រួតពិនិត្យបៀរហ្គាឌិន ហើយពេលខ្លះគាត់បើកខាងមុខតែបៀរហ្គាឌិន។ ប៉ុន្តែ ខាងក្រោយមានបន្ទប់ សូមឱ្យធ្វើបច្ចុប្បន្នភាព បន្ទប់នោះដើម្បីអី? បន្ទប់ដើម្បីច្រៀង ឬធ្វើអីលើសពីនេះទៀត សូមឱ្យត្រួតពិនិត្យ»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនោះ ខេត្តនៅជាប់បណ្ដាព្រំដែន ជាពិសេសខេត្តជាប់ព្រំដែន មានកាស៊ីណូ ត្រូវតែមានភាពម៉ឹងម៉ាត់ ជាមួយម្ចាស់កាស៊ីណូ អាចទៅរួចធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៊ីណូ ដើម្បីបញ្ជាក់ថា «មិនឲ្យមានការប្រើប្រាស់ ឬលក់គ្រឿងញៀន»។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ប៉ុន្មានសប្តាហ៍មុននេះ សមត្ថកិច្ច បានចុះបង្ក្រាបគ្រឿងញៀនជិត ៤គីឡូក្រាម ដោយមានកិច្ចសហការជាមួយម្ចាស់ខារ៉ាអូខេ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ថ្មីៗនេះ សមត្ថកិច្ចជំនាញកម្ពុជា បានជួយស្ត្រីខ្មែរម្នាក់ ក្រោយចាញ់បោកមេខ្យល់ថា «រៀបអាពាហ៍ពិពាហ៍ជាមួយបុរសនៅប្រទេសចិន» ប៉ុន្តែ ក្រោយមក ស្ត្រីរង់គ្រោះបានប្តឹងមកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ អន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលាផងដែរ៕