ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ស្នើឲ្យពិចារណាធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០សេសេឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការពិចារណាឡើងវិញចំពះការធ្វើប័ណ្ណបើកបរម៉ូតូដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០សេសេឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយការកើតឡើងនេះគឺកើតចេញពីការបើកបរក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះឲ្យខាងតែបាន ពោលគឺកាត់បន្ថយអត្រាស្លាប់ឲ្យនៅក្រោមមួយពាន់នាក់ក្នុងមួយឆ្នាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ យើង គប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សាឲ្យបានម៉ត់ចត់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងការធ្វើប័ណ្ណបើកបរម៉ូតូជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿននៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជំរុញដល់ស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវរឹតបណ្តឹងនូវច្បាប់ចរាចរណ៍ឲ្យបានតឹងរឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សជាមធ្យមពី៤ទៅ៥នាក់ក្នុងមួយថ្ងៃៗនោះ៕EB