ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា បានកៀរគរវិនិយោគិនជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិយោគ និងមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ និងនៅតែបន្តកៀរគធុរកិច្ចជនជប៉ុនមកកាន់កម្ពុជានាអនាគតតទៅទៀត។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបែបនេះ បន្ទាប់ពី លោក តាកាហាស៊ី ហ្វមីអាគី បានជម្រាបជូនក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារថា លោក បាននិងកំពុងកៀរគអ្នកវិនិយោគជប៉ុនខ្នាតតូចនិងមធ្យម(SME)ឱ្យមកសិក្សាស្វែងរកឱ្យកាសវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា។
លោក ជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមក លោក បានដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករមកទស្សនកិច្ចនៅកម្ពុជាជាហូរហែរ។ លោក បញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិជាធុរកិច្ចជនមួយក្រុមទៀតមកកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគ ស្របពេលពិធីបុណ្យអុំទូកផង និងជាឱកាសដ៏ល្អមួយផងក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗអបអរសាទរខួបលើកទី៧០នៃទំនាក់ទងកាទូតរវាងកម្ពុជានិងជប៉ុន។
ជាការឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃជាតួអង្គមួយរបស់រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលការងារពាក់ព័ន្ធនានាដើម្បីបង្កលក្ខណៈងាយស្រួលដល់ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូធុរកិច្ចជនជប៉ុន ដែលនឹងមកកាន់កម្ពុជានាពេលខាងមុខ ព្រមទាំងសហការសម្របសម្រួលកិច្ចការផ្សេងៗដល់អ្នកវិនិយោគជប៉ុននៅកម្ពុជាផងដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នឹងប្រឹងប្រែងបន្តទៀតក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការថែសុខសុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា។
ឯកឧត្ដមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបន្តខិតខំកៀរគរអ្នកវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្កដានុពលរបស់កម្ពុជា និងស្វែងរកឱកាសវិនិយោគ រួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕