ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានដកមន្ត្រីណាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងលុបបំបាត់វប្បធម៌អន្តរាគមន៍
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រការព្រមានដកតួនាទីមន្ត្រីណា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទផងដែរ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនកន្លងមក មានស្នងការរងម្នាក់ បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់ សម្តេចក្រឡាហោម ពេលនោះ នីតិកាលទី៦ ប៉ុន្តែឥលូវនេះនីតិកាលទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ខ្ញុំគិតថា ពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ»។
ឯកឧត្តមអភិសន្ដិបណ្ឌិត លើកឡើងថា មន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀននោះ បើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតនោះទេ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា ក្រៅពីការអន្តរាគមន៍ចំពោះគ្រឿងញៀន ក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍ករណីផ្សេងទៀតផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអះអាងថា នឹងលុបបំបាត់ចំពោះការទាក់ទាញអន្តរាគមន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់ ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមទៀតថា កន្លងមកនេះមានករណីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនបានដឹកនាំកម្លាំង របស់ខ្លួនទៅការពារវិស័យឯកជនដែលមានជម្លោះ ឬមួយដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកង កម្លាំងនគបាលទៅការពារដីទាំងនោះដែលមិនមានជាប្រយោជន៍រួម។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានឲ្យដឹងទៀតថា យុត្តិធម៌សង្គម នឹងចាប់ផ្តើមអនុវត្តចាប់ពីអាណត្តិទី៧នេះតទៅ ។ យុត្តិធម៌សង្គមមិនមែនទាល់តែការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនឯង៕EB