ភ្នំពេញ  ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។ ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង អគ្គស្នងការ អគ្គស្នងការរង និងស្នងការនគរបាលរាជធានី-ខេត្ដទាំងអស់ ដែលកន្លងទៅបានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំស្ថាប័នរបស់ខ្លួន ក្នុងការពង្រឹងនូវភាពជឿជាក់របស់ប្រជាពលរដ្ឋ និងនៅក្បែរប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ដ្រតាមដំណាក់កាលរបស់ក្រសួងមហាផ្ទៃ ក្នុងនោះមានការងារចំពោះមុខសំខាន់ៗ មួយចំនួនដូចជា ការងារចរាចរណ៍, បទល្មើសជួញដូរមនុស្ស, ក្មេងទំនើង, បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។

ដោយឡែក សម្រាប់បណ្ដាខេត្តទាំងអស់ដែលជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ត្រូវបន្ដថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ទប់ស្កាត់ដាច់ខាតកុំឲ្យមានការប៉ុនប៉ងណាមួយមកលើរាជរដ្ឋាភិបាលស្របច្បាប់ ឬការយកទឹកដីប្រទេសកម្ពុជា ដើម្បីវាយប្រហារប្រទេសជិតខាង។ ពាក់ព័ន្ធការបង្ក្រាបបទល្មើសផ្សេងៗ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឲ្យបន្ដសហការជាមួយបណ្ដាប្រទេសនានា ដែលស្នើសុំកិច្ចសហប្រតិបត្តិការគ្រប់ភាគីទាំងអស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ