ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបដិសេធដាច់អហង្ការចំពោះ ការចុះផ្សាយរបស់ សារព័ត៌មាន The Cambodia Daily ដែលថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ជាមួយនឹងការចោទប្រកាន់ថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត....។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្ថែមថា ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើម ទស្សវត្សឆ្នាំ៨០ ។
ជាក់ស្តែង ងតាមប្រវត្តិសាស្រ្ត ច្រំដែល ជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ ពួកគេម្តងណាឡើយ ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យ ក្រុមរបស់ខ្លួនឯងវិញ នូវការរលំរលាយ បែកធ្លាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន៕