សមត្ថកិច្ចមីយ៉ាន់ម៉ា ឃាត់ខ្លួនជនជាតិចិន និងឥណ្ឌូណេស៊ី ជិត២០០នាក់ ចូលប្រទេសខ្លួនដោយខុសច្បាប់ដើម្បីទៅធ្វើការឆបោកតាមអនឡាញ
មីយ៉ាន់ម៉ា ៖ ប្រទេសមីយ៉ាន់ម៉ា បានឃាត់ខ្លួនជនជាតិចិន១៥៨នាក់ និងជនជាតិ ៣នាក់ ដែលបានចូលប្រទេសខ្លួនដោយខុសច្បាប់ តាមច្រកព្រំដែនក្នុងតំបន់ Myawady-Mae Htaw, Tha Lay និង KK Park ដើម្បីទៅធ្វើការនៅតាមមណ្ឌលហៅទូរស័ព្ទដែលជាសកម្មភាពឆបោកតាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមីនានេះ។
ជនបរទេសដែលចូលប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ការបោកប្រាស់តាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មផ្សេងៗទៀតនៅតំបន់ Myawady-Mae Htaw, Tha Lay និង KK Park នៃរដ្ឋ Kayin ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៥ខែមីនា។
មកដល់ពេលនេះ អាជ្ញាធរ មីយ៉ាន់ម៉ាកំពុងបន្តស៊ើបអង្កេត និងចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមអ៊ីនធឺណិត នៅតាមតំបន់ព្រំដែននៃប្រទេសក្នុងលក្ខណៈថ្នាក់ជាតិ ដោយសហការជាមួយអង្គការអន្តរជាតិ និងសាធារណៈជន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី១៥ខែមីនា ជនបរទេសសរុបចំនួន៦៤៣៦នាក់ដែលបានចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ត្រូវបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន ក្នុងនោះ៣៥៨៨នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសពាក់ព័ន្ធតាមរយៈប្រទេសថៃ។ ចំណែកជនបរទេសដែលនៅសេសសល់ចំនួន២៨៤៨នាក់ត្រៀមផ្ទេរទៅប្រទេសពាក់ព័ន្ធហើយកំពុងត្រូវបានថែទាំនៅកន្លែងស្នាក់នៅបណ្ដោះអាសន្ន៕