ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សហគ្រិន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជា រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គមនិងការកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាថ្មីៗនេះ នៅទីស្តីការក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្ត ទុកដាក់ជានិច្ចក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិក នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា។


ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួល បាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិងការងារដែលបងប្អូនកំពុងធ្វើ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ