ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យលោកគ្រូអ្នកគ្រូ យូដូ ជប៉ុន បន្តហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ ។

ការស្នើរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ លោក ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ។


ក្នុងជំនួបនោះ លោក ហ្គោតារ៉ូ អូហ្គាវ៉ា បានសំដែងនូវការគោរព និងអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ទទួលបាននូវភាពជោគជ័យ យ៉ាងត្រចះត្រចង់នាពេលនេះ ។ លោកបានគោរព និងរាយការណ៍ជូនសម្ដេចតេជោថា កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់ទៅ ហ្វឹកហាត់នៅឯប្រទេសជប៉ុន គ្រូបង្វឹកកីឡាករ កីឡាការិនីទាំងអស់ មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

លោកបានមានប្រសាសន៍បន្ថែមទៀតថា កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ លើវិស័យយូដូណាស់ ក្នុងន័យនេះលោកបាន គោរពស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Gotaro Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដៃច្រើន ដែលពីមុនមកមិនដែល ទទួលបានមេដៃច្រើនបែបនេះនោះទេ។ 


សម្ដេចតេជោ បញ្ជាក់ថា «សូមឲ្យឯកឧត្តម លោកគ្រូអ្នកគ្រូ យូដូ បន្តធ្វើការហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺនៅត្រូវទៅចូលរួមការប្រកួតដទៃទៀត ម្យ៉ាងវិញទៀតកីឡានាំមកនៅសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន ផងដែរ» ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ