កម្មករឥណ្ឌាទាំង ៤១នាក់ ដែលជាប់ក្នុងផ្លូវក្រោមដីតំបន់ភ្នំហិម៉ាល័យ រយៈពេល១៧ថ្ងៃ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព
ឥណ្ឌា៖ ក្រុមកម្មករឥណ្ឌាត្រូវបានស្វាគមន៍ដោយការអបអរសាទរ និងកម្រងផ្កាកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ខណៈក្រុមអ្នកជួយសង្គ្រោះបាននាំមនុស្សទាំង ៤១ នាក់ចេញដោយសុវត្ថិភាពពីផ្លវក្រោមដីតំបន់ភ្នំហិម៉ាល័យ ដែលបានបាក់រលំ ជាទីដែលពួកគេជាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការវិស្វកម្មរយៈពេល ១៧ ថ្ងៃ។
ជាមួយនឹងស្នាមញញឹមដ៏រីករាយបំផុត ក្រុមបុរសដែលត្រូវបានជួយសង្គ្រោះត្រូវបានស្វាគមន៍ជាវីរៈបុរស បន្ទាប់ពីត្រូវបានលូនចេញតាមបំពង់ដែកប្រវែង ៥៧ ម៉ែត្រ លើហ្វ្រង់ការដែលបំពាក់ដោយកង់ជាពិសេស ជាទីដែលពួកគេត្រូវបានស្វាគមន៍ដោយក្រុមមន្ត្រីរដ្ឋមុនពេលឱបក្រុមគ្រួសាររបស់ពួកគេ។
ហ្វូងមនុស្សនៅខាងក្រៅផ្លូវក្រោមដីបានត្រេកអរយ៉ាងខ្លាំង ខណៈព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ពួកគេទាំងអស់បានចេញមកក្រៅដោយសុវត្ថិភាពពីផ្លូវក្រោមដី ដែលកំពុងសាងសង់ក្នុងតំបន់ភ្នំហិម៉ាល័យ នៃរដ្ឋ អ៊ុតរៈខណ្ឌ (Uttarakhand) ជាកន្លែងដែលពួកគេត្រូវបានជាប់ខ្លួន ចាប់តាំងពីការបាក់រលំមួយផ្នែកកាលពីថ្ងៃទី១២ ខែវិច្ឆិកា មក ។ ក្នុងឱកាសនោះដែរ សាច់ញាតិនៅខាងក្រៅបានអបអរ បន្ទាប់ពីក្តីសង្ឃឹម នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះ ដែលរដ្ឋាភិបាលបាននិយាយថាប្រតិបត្តិការនេះជួបការលំបាកខ្លាំងដោយសារកត្តាលក្ខខណ្ឌភូមិសាស្ត្រនៅតំបន់ភ្នំហិម៉ាល័យ៕