កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៀត ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូង
ភ្នំពេញ៖ នាវេលាម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នេះជាកងទី១២ហើយដែលធ្វើយុទ្ធដំណើរប្តូរវេន ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
សម្រាប់ការ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនេះ កម្លាំងទាំងអស់ត្រូវយកបទពិសោធន៍ និងប្រពៃណីដ៏ល្អផូរផង់ទាំងនោះ មកប្រតិបត្តិឲ្យបានត្រឹមត្រូវ ពិសេសត្រូវគោរព ប្រតិបត្តិលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទម៉ឺងម៉ាត់ រួមផ្សំនឹងបទដ្ឋាន អន្តរជាតិនានា ដែលអស់លោកបានទទួលការហ្វឹកហ្វឺនរៀនសូត្រឲ្យបានល្អ ព្រោះ ប្រការទាំងអស់នេះចាត់ទុកថា អស់លោកបានបំពេញគ្រប់លក្ខណៈសម្បត្តិ មានសមត្ថភាពសម្រាប់សម្រេចភារកិច្ចរបស់ខ្លួន ៕