កងទ័ពមួកខៀវចំនួន៩០នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រUN នៅម៉ាលី
ភ្នំពេញ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ សរុបចំនួន ៩០នាក់ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបា ននូវ ជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសា ធារណរដ្ឋម៉ាលី។
ពិធីទទួលស្វាគមន៍កងទ័ពទាំងពីរកងរបស់កម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ន នាច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
កងកម្លាំងដែលមកដល់មាតុភូមិទាំងពីរកងនេះ ក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្ត ហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និងចំនួន ២៣នាក់ ជាកងកម្ទេចគ្រា ប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិ ភពលោក។ កងកម្លាំងទាំង២កងខាងលើនេះបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនថ្មីៗបន្ថែមទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជា គ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះអ្នកក៏ជានិមិត្តរូបនៃ ភាពក្លាហានក្នុងកា រចូលរួមចំណែក បំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។ ការធ្វើមាតុភូមិនិវត្តន៍ នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះគ្រប់ឧបសគ្គទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលប ណ្តោះអាសន្ន ដ្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរដល់សាច់ញាតិបងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលដំណើរមា តុភូមិនិវត្តន៍នាពេលនេះ។
គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕