កងទ័ពមួកខៀវកម្ពុជា ជាង២០០នាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី១៤ កញ្ញា ក្រោយបញ្ចប់បេសកកម្ម នៅប្រទេសម៉ាលី
ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ជាង ២០០នាក់ នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅប្រទេសម៉ាលី ។ ជុំវិញករណីនេះ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព នៅពេលនេះបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ពិនិត្យ រកមេរោគ COVID-19 ចំនួន ២ កន្លែងធំៗរួចហើយ នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីត្រៀមទទួល កងយោធាមួកខៀវកម្ពុជាទាំងអស់នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានឲ្យដឹងផងដែរថា ចំពោះមុខមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាពមានទីតាំងធ្វើចត្តាឡីស័កលើទ័ពមួកខៀវ មកក្រៅប្រទេសចំនួនពីរកន្លែងមានចំនួន៩ អាគារធំៗ បន្ទប់ស្នាក់នៅធំៗ បង្អួច ខ្យល់ ចេញចូលបរិយាកាសល្អដាក់គ្រែចំនួន ៣ ទៅ ៤ គន្លាតពីគ្នា ប្រមាណ ២ កន្លះ ទៅ ៣ ម៉ែត្រ ក្នុងនោះ សម្រាប់មណ្ឌលចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ( ឧដុង្គ ) គឺមានចំនួន ៧៩ គ្រែ និងនៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ពហុសាសន៍ ស្រុកភ្នំស្រួចមានចំនួន ១៦៨ គ្រែសរុប ២៤៧ គ្រែ ។
លោក សែម សុវណ្ណនី បន្តថា នៅពេលនេះ យើងបានកែប្រែទម្រង់ នៃការរៀបចំធ្វើចត្តាឡីស័កតាមបែបថ្មី ដែលអាចធានានូវផាសុកភាព ភាពអនាម័យជាពិសេស គឺការរក្សាគន្លាត គ្រែ នៅក្នុងកន្លែង ស្នាក់នៅ និងមានការប្រុងប្រយ័ត្ន បានខ្ពស់ជាងមុន ។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញពិនិត្យទីតាំងចត្តាឡីស័ក មជ្ឈមណ្ឌលជាតិ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បញ្ជូនកងកម្លាំង និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សូមរំលឹកថា នៅដើមខែ កញ្ញា នេះលោក ម៉ម ប៊ុនហេង បានថ្លែងថា ទីតាំងធ្វើចត្តាឡីស័កលើទ័ពមួកខៀវ មកពីប្រទេសម៉ាលី របស់មជ្ឈមណ្ឌលជាតិ គឺមានភាពស្អាត អនាម័យល្អ និង ស្របតាមស្តង់ដារដែលក្រសួងសុខាភិបាលបានកំណត់ ៕EB