ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែការពារឲ្យបានដាច់ខាត និងជានិរន្តរ៍ចំពោះព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងត្រូវបន្តយកចិត្តទុកដាក់រាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតផងដែរ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលថ្មី នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា« កងកម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់ និងការពាររាល់ការប៉ុនប៉ងចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកលពួកអគតិជ្រុលនិយម ហើយយើងមិនត្រូវឲ្យអ្នកណាមកបំផ្លាញសន្ដិសុខភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនេះបានឡើយ ដូច្នេះកងកម្លាំងអនុវត្តច្បាប់ ត្រូវតែពង្រឹងសមត្ថភាពឲ្យខាងតែបាន»។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ និងបំរើប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ, ចរាចរណ៍, គ្រឿងញៀន ត្រូវតែកាត់បន្ថយកុំឲ្យកើតមានឡើង។ លើសពីនេះត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែក បញ្ហាគ្រឿងញៀន និងចរាចរណ៍ ត្រូវបន្ដជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខណៈកម្លាំងនគរបាលត្រូវរក្សាឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ជាដើម។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២៣ នេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលត្រូវដំណើរការដោយក្នុងនោះរួមមាន ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលទីតាំងប្រកួតមាន៥រាជធានី-ខេត្ត, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយ កងកម្លាំងដែលត្រូវឈរជើង ត្រូវតែថែរក្សា និងការពារនិរន្ដរ៍ ព្រះមហាក្សត្រ ហ្លូងម៉ែ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលយាង និងអញ្ជើញបំពេញការងារប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានកោតសរសើរចំពោះភាពជោគជ័យការពារបានល្អប្រសើនូវព្រឹត្តិការណ៍ធំៗ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា រួមមាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកម្ពុជារៀបចំដោយខ្លួនឯង, ការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលក្នុងកិច្ចប្រជុំនេះបណ្ដាមេដឹកនាំពិភពលោកបានមកប្រជុំដោយផ្ទាល់នៅកម្ពុជា ក្នុងនោះមានទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ធ្វើឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ