យ៉ាងហោចណាស់មនុស្ស១១ នាក់បានស្លាប់ និង២០ នាក់កំពុងបាត់ខ្លួននៅភាគខាងត្បូងប្រទេសប្រេស៊ីល បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចបានវាយប្រហារ
ប្រេស៊ីល៖ អាជ្ញាធរក្នុងតំបន់នៃប្រទេសប្រេស៊ីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅភាគខាងត្បូងប្រទេសប្រេស៊ីល បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចបានវាយប្រហារតំបន់ Rio Grande do Sul កាលពីថ្ងៃសុក្រ។
មន្ត្រីរដ្ឋាភិបាលនៅរដ្ឋភាគខាងត្បូងនៃប្រទេសប្រេស៊ីលបាននិយាយថា ព្យុះនេះបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កើនហានិភ័យនៃការរអិលបាក់ដី ដែលជាបញ្ហាប្រឈមរបស់ក្រុមអ្នកជួយសង្គ្រោះក្នុងការព្យាយាមជួយសង្គ្រោះមនុស្សដែលកំពុងតែបាត់ខ្លួន។ ទីប្រជុំជន Caraa ដែលមានប្រជាជនប្រហែល ៨,០០០ នាក់ត្រូវបានរងផលប៉ះពាល់ជាពិសេស អាជ្ញាធរបានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំដើម្បីទៅដល់មនុស្សដែលអាចនឹងជាប់ ឬរងរបួសដោយសារអាកាសធាតុខ្លាំង។
អភិបាលរដ្ឋ Eduardo Leite បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់រងផលប៉ះពាល់ថា ស្ថានភាពនៅតំបន់ Caraa ធ្វើឱ្យយើងព្រួយបារម្ភយ៉ាងខ្លាំង។ លោកបន្តថាបុគ្គលិកសង្គ្រោះបន្ទាន់បានដំណើរការដោយជោគជ័យនូវប្រតិបត្តិការជួយសង្គ្រោះប្រហែល ២,៤០០នាក់ ក្នុងរយៈពេលពីរថ្ងៃចាប់តាំងពីព្យុះស៊ីក្លូនបានវាយប្រហារមក។ លោកបានបន្ថែមថា៖ «គោលបំណងសំខាន់របស់យើងនៅពេលនេះគឺការពារនិងសង្គ្រោះជីវិតមនុស្ស។
គួររំលឹកថា នៅឆ្នាំ ២០២១ មនុស្សយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ដោយសារទឹកជំនន់នៅភាគឦសាន ខណៈដែលនៅឆ្នាំ ២០២០ ព្យុះបានសម្លាប់ជីវិតមនុស្សប្រមាណជាង ៤៧ នាក់៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់