ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យលុបបំបាត់នូវការភណ្ឌច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត គឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ គឺស្ថិតនៅក្រោមរដ្ឋាភិបាល។

នាអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទាក់ទងផ្ទេរអំណាចទៅមូលដ្ឋាននេះ សូមបំបាត់ចោលនូវការភណ្ឌច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត វាជាផ្នែក ជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ត្រូវបំបាត់ការភណ្ឌច្រឡំបែបនេះ»។


សម្ដេចតេជោ បន្ដថា ព្រោះកន្លងទៅ នៅពេលពង្រឹងរដ្ឋបាលឯកភាពរាជធានី-ខេត្ត បែរជាមានភណ្ឌច្រឡំ និងប្រើពាក្យពេចន៍ថា «ក្រសួងមហាផ្ទៃ គឺច្បាមយកអំណាច  ពីស្ថាប័ននានា នេះជាខុសឆ្គងធំណាស់ ជាមួយនឹងទស្សនៈបែបនេះ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរដ្ឋាភិបាល គ្រាន់តែឱ្យមហាផ្ទៃ ទទួលខុសត្រូវ មើលទាក់ទងគ្នា»។

សម្ដេចតេជោ បន្ថែមថា ប៉ុន្ដែមិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ នោះទេ គឺមានភាពខុសគ្នាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខុសគ្នាជាមួយ ក្រសួងនានា ដែលមានមន្ទីរនៅតាមបណ្ដាខេត្តរបស់ខ្លួន។ ចំណែក ក្រសួងការបរទេសមួយប៉ុណ្ណោះ អត់មានមន្ទីរ នៅតាមបណ្ដាខេត្ត ។ ប៉ុន្ដែនៅប្រទេសឡាវ មានមន្ទីរកិច្ចការបរទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ