ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាផ្តល់សម្ភារយោធា និងមនុស្សធម៌ក្នុងទំហំធំបន្ថែមទៀតដល់អ៊ុយក្រែន
កូរ៉េខាងត្បូង៖ ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ ដើម្បីជួបលោក ហ្សេលេនស្គី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់នូវការផ្គត់ផ្គង់សម្ភារយោធា ក៏ដូចជាជំនួយមនុស្សធម៌ក្នុងទំហំធំបន្ថែមទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
លោក Yoon Suk Yeol បានឲ្យដឹងថា កូរ៉េខាងត្បូងមានគម្រោងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៥០លានដុល្លារដល់អ៊ុយក្រែននៅឆ្នាំ ២០២៣នេះ បន្ទាប់ពីបានផ្តល់ប្រហែល ១០០លានដុល្លារក្នុងឆ្នាំ ២០២២។ ទីក្រុងសេអ៊ូល ក៏នឹងសហការជាមួយទីក្រុងកៀវ ក្នុងគម្រោងដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមកម្ចីសម្បទានពីកូរ៉េខាងត្បូងផងដែរ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាប្រទេសនាំចេញអាវុធធំជាងគេទី ៩របស់ពិភពលោក។ ខណៈប្រុងប្រយ័ត្នចំពោះឥទ្ធិពលរបស់រុស្ស៉ីលើកូរ៉េខាងជើង កូរ៉េខាងត្បូងក៏កំពុងទប់ទល់នឹងសម្ពាធរបស់លោកខាងលិចក្នុងការជួយបញ្ជូនអាវុធដោយផ្ទាល់ទៅឲ្យអ៊ុយក្រែន៕