ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធា និងអ្នកពាក់ព័ន្ធ ទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បី ឃ្លាំមើលទាំងទីតាំងជាក់ស្តែង
ភ្នំពេញ ៖ នៅក្នុងឱកាសបន្ដធ្វើសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា «ប្រធានម៉ាឡេស៉ី ក្នុងតួនាទីជាប្រធានអាស៊ាន បច្ចុប្បន្ន បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា, ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ភាគីទាំងពីរ បានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាជំហានបន្ទាប់ដើម្បីធានាឱ្យការអនុវត្តពេញលេញ និងម៉ឹងម៉ាត់នូវការឯកភាពគ្នាពីបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ត្រូវបានបង្កើតយន្តការ និងក្រុមការងារត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការនឹងត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈបប់បាញ់៕