សម្ដេច ស ខេង រួមទាំងមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអមដំណើរ សម្ដេចតេជោ ហ៊ុន សែន មកដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងមន្ដ្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា បានអមដំណើរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មកដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល២ ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាពិនិត្យឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕EB