រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» (Every Day Is A Wonder)។
យោងតាមសារាចររបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព (Every Day Is A Wonder)»។
សម្ដេចតេជោ បន្ដថា យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដូចជា ៖ លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ» នៅលើទីផ្សារ ទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣, ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិ ជំងឺកូវីដ-១៩៕EB