ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ចំនួន៣នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ ទាំង៣នាក់រួមមាន៖
១៖ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេត្យបង្អែក ខេត្តបន្ទាយមានជ័យ។
២៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨៥នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៤នាក់៕SP